រដ្ឋមន្រ្តីកសិកម្ម ចុះទស្សនកិច្ចស្វែងយល់ អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ សម្រាប់ទុកដាក់បន្លែរបស់ក្រុមហ៊ុនជប៉ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរជាមួយ ដោយសហការីពាក់ព័ន្ធ បានអញ្ជើញ មកធ្វើទស្សនកិច្ចស្វែងយល់ អំពីដំណើរការអាជីវកម្មផ្នែកដឹកជញ្ជូន ឃ្លាំងស្តុក ទូត្រជាក់ របស់ក្រុមហ៊ុន Nippon Express Cambodia Co., Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលក្រុមហ៊ុននេះ ជាដៃគូជាមួយក្រុមហ៊ុន Yamato Green Co., Ltd បានចូលរួមសហការវិនិយោគ ដើម្បីអភិវឌ្ឍវិស័យផលិតកម្មបន្លែសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញនាពេលអនាគត។
ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយលោករដ្ឋមន្ត្រី វេង សាខុន, លោក TORU TAKEI (President) បានសង្ខេបជូនជ្រាបពីព័ត៌មានសំខាន់ៗមួយចំនួន អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា កម្មវត្ថុវិនិយោគ ទុនវិនិយោគ មធ្យោបាយដឹកជញ្ជូន ឃ្លាំងស្តុកទំនិញ ទូត្រជាក់ រថយន្ត ដឹកបន្លែបំពាក់ដោយ ម៉ាស៊ីនត្រជាក់ ផែនការសកម្មភាព ដែលនឹងត្រូវសហការជាមួយក្រុមហ៊ុន Yamato Green Co., Ltd ក្នុងការធ្វើឲ្យប្រសើរឡើង នៃសេវាដឹកជញ្ជូនបន្លែ (ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) ឃ្លាំងស្តុកបន្លែ និងទូត្រជាក់បម្រើឲ្យទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។
លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Nippon Express Cambodia បានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ រួចរាល់ហើយក្នុងការចូលរួមអភិវឌ្ឍវិស័យផលិតកម្មបន្លែ ជាពិសេសវិស័យដឹកជញ្ជូន ឃ្លាំងស្តុក និងទូត្រជាក់។
ទទួលបានព័ត៌មានសំខាន់ៗខាងលើ លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវមោទនភាព ចំពោះសមិទ្ធផលដែលក្រុមហ៊ុន Nippon Express Cambodia សម្រេចបាន និងគាំទ្រលើផែនការសកម្មភាព នាពេលអនាគតក្នុងការចូលរួមអភិវឌ្ឍ វិស័យផលិតកម្មបន្លែនៅកម្ពុជា។
លោករដ្ឋមន្ត្រី វេង សាខុន បានគូសបញ្ជាក់ ជូននាយកក្រុមហ៊ុនថា វិស័យផលិតកម្មបន្លែកម្ពុជា កំពុងប្រឈមនឹងបញ្ហាមានជាអាទិ៍៖ មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ទាំងខ្នាតតូច ខ្នាតធំ ឃ្លាំងស្តុក ទូត្រជាក់ រថយន្តដឹកបន្លែបំពាក់ដោយម៉ាស៊ីនត្រជាក់ -ល-។
ពិតណាស់ បញ្ហាទាំងអស់នេះ លោករដ្ឋមន្ត្រី វេង សាខុន សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា Nippon Express Cambodia សហការជាមួយក្រុមហ៊ុន Yamato Green Co., Ltd នឹងជួយដោះស្រាយ បានយ៉ាងល្អប្រសើរ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាព ក្នុងទិសដៅធ្វើទំនើបភាវូបនីយកម្មបន្លែគ្រប់ខ្សែច្រវាក់ផលិតកម្ម ប្រែក្លាយផលិតកម្មបែបលក្ខណៈគ្រួសារ ទៅជាផលិតកម្មបែបកសិ-ឧស្សាហកម្ម ដើម្បីធានាបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពតាមតម្រូវការក្នុងស្រុក និងនាំចេញ។
លោករដ្ឋមន្ត្រី វេង សាខុន បានសន្យាថា នឹងរង់ចាំផ្តល់កិច្ចសហការយ៉ាងពេញលេញ ជាមួយក្រុមហ៊ុនក្នុងបំណងជួយជំរុញការអភិវឌ្ឍវិស័យផលិតកម្មបន្លែកម្ពុជា ឲ្យមានការរីកចម្រើនក្នុងពេលឆាប់៕

0 Comments:

Post a Comment