រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាកំណត់និយមន័យ នៃនិមិត្តសញ្ញាឃុំ-សង្កាត់ ស្រុក ក្រុង ក្នុងខេត្តកណ្តាល

 កណ្តាល: ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បាន ដឹកនាំកិច្ចប្រជុំ កែសម្រួលនិយមន័យនៃនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ក្នុង ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាលស្រុកនិង មន្ទីរជំនាញពាក់ព័ន្ធ នៅសាលាខេត្តកណ្តាល នៅថ្ងៃ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

លោក គីម រិទ្ធី អភិបាលរងខេត្ត បានមានប្រសាសន៍ថា នេះជាការប្រជុំពិភាក្សា លើការកែសម្រួលនិយមន័យនៃនិមិត្តសញ្ញាសម្រាប់ឃុំ សង្កាត់ ក្រុង ស្រុកនីមួយៗ ដើម្បីកំណត់ និយមន័យនៃនិមិត្តសញ្ញាសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្ត សម្រេចមុននឹងផ្ញើទៅក្រសួងមហាផ្ទៃ ។

លោកអភិបាលរងខេត្ត បានណែនាំដល់ក្រុង ស្រុក ត្រូវផ្តោតសំខាន់លើនិយមន័យនៃនិមិត្តសញ្ញាតំណាងឱ្យរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួន ដោយជ្រើសរើសយកសក្តានុពល ឬ ប្រវត្តិទាក់ទងទៅនឹងឃុំ សង្កាត់ ស្រុក ក្រុងរបស់ខ្លួន ។

លោកអភិបាលរងខេត្ត បានបន្តថា ការបង្ហាញពីនិយមន័យនៃនិមិត្តសញ្ញានាពេលនេះ នូវមានចំណុចខ្វះខាតមួយចំនួនត្រូវចូលរួមធ្វើការកែលម្អ ។ ដូច្នេះក្រុង ស្រុក នីមួយៗត្រូវ ឈ្វេងយល់អំពីសក្តានុពល សមិទ្ធផលដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន ឬ ប្រវត្តិ ទាក់ទងក្នុងមូលដ្ឋានរបស់ខ្លួន ទើបយើងកំណត់យកនិមិត្តសញ្ញាសម្រាប់សម្គាល់ឃុំ សង្កាត់ ក្រុង ស្រុករបស់ខ្លួន ឱ្យសមស្រប និងឈានយកនិយមន័យនៃនិមិត្តសញ្ញារបស់ឃុំ សង្កាត់ ស្រុក ក្រុង ដើម្បីប្រើប្រាស់ជាផ្លូវការនៅពេល ខាងមុខ ៕

 (ប្រភពៈ រដ្ឋបាលខេត្តកណ្ដាល )

0 Comments:

Post a Comment