-->


Tuesday, June 30, 2020

ម្ចាស់ចំការដំណាំប័រនៅខេត្តរតនគិរី ប្រាប់ពីគន្លឹះក្នុងការដាំដំណាំនេះ ឲ្យទទួលបានទិន្នផលខ្ពស់

អ្នកទស្សនា:( Views)


(រតនគិរី)៖ លោក វ៉ាន់ សោភា ម្ចាស់ចំការដំណាំប័រ១កន្លែង ដែលមានទីតាំងស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដែលបានធ្វើការដាំដុះនូវដំណាំប័រ ចំនួន៤០០ដើម លើផ្ទៃដីប្រមាណជា ៤ហិកតា បានប្រាប់ពីគន្លឹះក្នុងការដាំដំណាំនេះ ឲ្យទទួលបានទិន្នផលខ្ពស់។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ ម្ចាស់ចំការរូបនេះ បានឲ្យដឹងថា ការដាំដំណាំប័រ អាចដាំបាន ២ជម្រើស រួមមាន៖
*ទី១៖ អាចយកគ្រាប់ពូជមកដាំ
*ទី២៖ គឺអាចបំបៅមែកប័រ ដែលមានពូជល្អ និងផ្លែធំ រួមទាំងរសជាតិឆ្ងាញ់ យកមកធ្វើការដាំដុះ ដោយប្រើតែជីធម្មជាតិ និងស្រោចទឹកឲ្យបានដិតដល់ គឺជាការស្រេច។
ម្ចាស់ចំការដំណាំប័ររូបនេះ បានឲ្យដឹងទៀតថា ការដាំដំណាំប័រតាមការជ្រើសរើសយកពូជល្អ មកដាំដូចនេះ គឺឆាប់នឹងទទួលបាននូវទិន្នផល ដោយក្នុង ១ដើម ដែលមានអាយុកាលចន្លោះពី៤ ទៅ ៥ឆ្នាំ អាចប្រមូលផលបានជាង ១០០គីឡូក្រាម ក្នុង ១ដើម។
លោក វ៉ាន់ សោភា បានឲ្យដឹងបន្តថា ដំណាំប័រនេះ បច្ចុប្បន្នកំពុងមានតម្រូវខ្លាំង ហើយតម្លៃក៏អាចលក់បានទាំងបោះដុំ និងរាយក្នុងតម្លៃមួយសមរម្យ គឺចន្លោះក្នុង ១គីឡូក្រាម តម្លៃ ១០,០០០រៀល ទៅ ១២,០០០រៀលផងដែរ។ ជាមួយគ្នានេះដែរ លោកបានសំណូមពរទៅប្រជាពលរដ្ឋ ដែលមានដីទំនេរច្រើននៅខេត្តរតនគិរី សូមដាំដំណាំប័រ ព្រោះបានទិន្នផលខ្ពស់ ងាយស្រួលថែទាំ ព្រមទាំងមានទីផ្សារ។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានបង្ហាញថា បច្ចុប្បន្នផ្ទៃដីដំណាំប័រដែលប្រជាពលរដ្ឋធ្វើការដាំដុះសរុបមានជាង ៥០ហិកតា នៅទូទាំងខេត្តរតនគិរី ហើយក្នុងចំណោម ស្រុក ក្រុងទាំង៩ នៃខេត្ត ដែលដំណាំប័រនេះ មានការដាំដុះច្រើនជាងគេ មានក្រុងបានលុង និងស្រុកបរកែវ៕
Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment