-->


Saturday, July 9, 2022

ព្រឹកនេះព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» នៅស្រុកបាណន់

អ្នកទស្សនា:( Views)



 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ព្រះរាជពិធី «រុក្ខទិវា» ប្រារព្ធឡើងយ៉ាងមហោឡារឹកនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចបញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្នុងខេត្តបាត់ដំបងផងដែរ។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការប្រារព្ធពិធី «រុក្ខទិវា» ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងអាជ្ញាធរខេត្តបាត់ដំបង ដោយបានជ្រើសរើសយកទីតាំងប្រារព្ធពិធីនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ស្ថានីយនេះ ត្រូវបានបង្កើតឡើងតាមរយៈប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លេខ២៦៧ ប្រក.កសក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ ក្នុងគោលបំណងដាំស្តារព្រៃឈើឡើងវិញ អភិវឌ្ឍន៍ជីវៈចម្រុះ រួមចំណែកកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់លើភពផែនដី ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងទ្រទ្រង់សកម្មភាពផ្សេងៗជាច្រើនទៀត សម្រាប់ផលប្រយោជន៍របស់ប្រជាសហគមន៍។

ផ្ទៃដីប្រារព្ធ «រុក្ខទិវា» នាពេលនេះ មានទំហំ ១០ហិកតា នៃផ្ទៃដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាសទំហំ ២៦.១៣ហិកតា ហើយកូនឈើដែលត្រូវយកមកដាំមានដើមធ្នង់ ច្រេស គីនីន គ្រញូង ឈើទាល និងម៉ៃសាក់ សរុបទាំងអស់ចំនួន ១៣,៩៤០ដើម និងបានត្រៀមកូនឈើសម្រាប់ដាំជួសមួយចំនួនទៀត។

«រុក្ខទិវា» ជាទិវាមួយដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីជំរុញចលនាដាំដុះឡើងវិញនូវកូនឈើ និងបំផុសស្មារតីស្រឡាញ់ព្រៃឈើ ធនធានធម្មជាតិក្នុងសង្គម ឈានទៅការចូលរួមថែរក្សា ការពារ និងបញ្ចប់ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ។ ទិវានេះ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីះា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រេះរបស់សម្តេច នរោត្តម សីហនុ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។

តែទិវានេះ ត្រូវបានខកខានក្នុងការប្រារព្ធបន្ទាប់ពីប្រទេសកម្ពុជា បានជួបនូវវិបត្តិនយោបាយ និងសង្គ្រាម ក្រោយថ្ងៃរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ដោយផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់ និងដើម្បីបន្តស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះមហាវីរក្សត្រ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចលេខ០៨ ស.ស.រ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅ «រុក្ខទិវា» នេះនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។

គិតចាប់ពីឆ្នាំ១៩៩២ រហូតមកដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធនៅតាមបណ្តារាជធានី-ខេត្តចំនួន ១៤ទូទាំងប្រទេសសរុបចំនួន ២៩លើក នៅលើផ្ទៃដីទំហំ ៤៧០ហិកតា ៦៤អា។ ប៉ុន្តែដោយសារប្រទេសជាតិជួបវិបត្តិជាសាកលនៃជំងឺកូវីដ១៩ កម្ពុជា បានអាក់ខានពុំបានរៀបចំពិធី «រុក្ខទិវា» ចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺឆ្លងជាសាកលនៅក្នុងសហគមន៍។

ព្រៃឈើ បានផ្តល់សារៈសំខាន់ណាស់ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដីដូចជាជួយទ្រទ្រង់អាកាសធាតុផែនដី, ជួយធ្វើឱ្យដីមានជីវជាតិ, នាំមកនូវទឹកភ្លៀង, ជាជម្រកជីវចម្រុះ និងភាពស្រស់បំព្រង់នៃផែនដី។ ព្រៃឈើមានអត្ថប្រយោជន៍ខ្លាំងណាស់នៅលើផែនដី វាគឺជាអាវុធប្រឆាំងនឹងគ្រោះធម្មជាតិជាច្រើនអស់រយៈពេលរាប់លានឆ្នាំមកហើយ។ ព្រៃ ឬដើមឈើ គឺជាឧបករណ៍សម្រាប់ស្វែងរកអាហារ ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួន និងជាច្រើនទៀតរាប់មិនអស់ ជាពិសេស គឺជាសួតរបស់ភពផែនដី។

ការបាត់បង់ព្រៃឈើអាចនាំដល់ផលវិបាកជាច្រើន ដូចជាផែនដីឡើងកម្តៅ, ភាពរាំងស្ងួត, ធ្វើឱ្យដីគ្មានជីវជាតិ និងបាត់បង់នូវជីវចម្រុះជាដើម។ ដោយមើលឃើញសារៈសំខាន់នៃព្រៃឈើនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងបង្កើតឡើងវិញនូវគម្របព្រៃឈើនៅតំបន់ដែលបានកាប់បំផ្លាញ។

របាយការណ៍នៃការវាយតម្លៃធនធានគម្របដីព្រៃឈើនៅកម្ពុជាឆ្នាំ២០១៨ រៀបចំផលិតឡើងដោយក្រុមការងារបច្ចេកទេសជាតិ និងត្រួតពិនិត្យបច្ចេកទេសដោយអ្នកជំនាញការអន្តរជាតិ និងសាកលវិទ្យាល័យអន្តរជាតិនានា បានរកឃើញថា ក្នុងឆ្នាំ២០១៨ ធនធានគម្របព្រៃឈើនៅកម្ពុជាដោយបូកបញ្ចូលទាំងផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេងផងនោះ មានចំនួន ៨,៥១០,៨០៧ហិកតា ស្មើនឹង ៤៦.៨៦ភាគរយ និងមានអត្រាបាត់បង់ជាមធ្យមប្រចាំឆ្នាំ ០.៦៤ភាគរយ ស្មើនឹង ១១៥,៧៩៧ហិកតា ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។

ដោយឡែកធនធានគម្របដីព្រៃឈើ សម្រាប់កម្មវិធីរេដបូក ដោយមិនរាប់បញ្ចូលផ្ទៃដីចម្ការកៅស៊ូ ចម្ការដូងប្រេង មានចំនួនប្រមាណជា ៧,៩២២,២៨០ហិកតា ស្មើនឹង ៤៣.៦២ភាគរយ មានអត្រាប្រែប្រួលជាធម្យមប្រចាំឆ្នាំ ០.៧១ភាគរយ ស្មើនឹង ១២៩,៨១០ហិកតា ធៀបនឹងផ្ទៃដីប្រទេស។

ក្រសួងចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានតួនាទីក្នុងការពារ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ដាំដុះ និងអភិរក្សព្រៃឈើ។

របាយការណ៍ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា តាមរយៈរដ្ឋបាលព្រៃឈើជាសេនាធិការរបស់ក្រសួង បានយកចិត្តទុកដាក់ខ្ពស់អនុវត្តកម្មវិធីកំណែទម្រង់វិស័យព្រៃឈើដោយការបង្កើតសហគមន៍ព្រៃឈើ ដោយគិតត្រឹមឆ្នាំ២០២១ មានសហគមន៍ចំនួន ៦៤៣សហគមន៍ គ្របដណ្តប់លើផ្ទៃដីជាង ៥២២ពាន់ហិកតា។ ក្នុងនោះក្រសួងបានចេញប្រកាសចំនួន ៥៣៦សហគមន៍ និងបានអនុម័តផែនការគ្រប់គ្រងព្រៃសហគមន៍ចំនួន ១០៦សហគមន៍ គ្របដណ្តប់លើផ្ទៃដីទំហំជាង ៧២ពាន់ហិកតា។

ទន្ទឹមនឹងនេះ រដ្ឋបាលព្រៃឈើកំពុងខិតខំជំរុញសហគមន៍ទាំងនោះ ឱ្យងាកមកធ្វើពិពិធកម្មកសិកម្មចម្រុះទៅតាមស្ថានភាពជាក់ស្តែង ដោយមិនត្រូវទុកដីចោលទំនេរ និងពឹងអាស្រ័យទៅលើតែផល អនុផលព្រៃឈើ ឬការកាប់ឈើ ដើម្បីជីវភាពប្រចាំថ្ងៃនោះឡើយ ពោលគឺត្រូវអនុវត្តតាមទិសស្លោក «សហគមន៍ព្រៃឈើគ្មានបទល្មើស»។ ចំពោះការងារដាំឈើ គឺបានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូតិ៍បង្ហាញកសិ-រុក្ខកម្មចំនួន ៨២២ហិកតា និងដាំឈើជាចម្ការថ្មីលើផ្ទៃដីសរុបទំហំ ៧,៥៩៩ហិកតា ព្រមទាំងបានបណ្តុះកូនឈើចំនួន ៥៧២ពាន់ដើម សម្រាប់ចែកចាយដល់ប្រជាពលរដ្ឋដាំអាស្រ័យផល។

គិតត្រឹមឆ្នាំ២០២១ ក្រសួងបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទំហំជាង ៤៩៩ហិកតា និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីទំហំជាង ១០១ពាន់ហិកតា។ ម្យ៉ាងទៀត រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទប់ស្កាត់ និងបានបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃខុសច្បាប់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិយ៉ាងសកម្ម។

ដោយឡែកក្រសួងបរិស្ថាន ដែលជាអ្នកមានតួនាទីអភិរក្សព្រៃឈើ និងធនធានធម្មជាតិ ក៏បានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំក្នុងការថែរក្សាការពារព្រៃឈើ និងបំផុសចលនានាំការស្រឡាញ់ថែរក្សាការពារព្រៃឈើ។

លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ Fresh News ថា កម្ពុជាតាំងចិត្តខ្ពស់ប្រកបដោយមហិច្ឆតាក្នុងការកាត់បន្ថយការបាត់បង់ព្រៃឈើស្របជាមួយយុទ្ធសាស្រ្ត រេដបូក ហើយរួមបញ្ចូលទាំងការអភិវឌ្ឍវិស័យព្រៃឈើប្រកបដោយនិរន្តរភាព។ ប្រទេសកម្ពុជា បានប្តេជ្ញាដាក់ឱ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យព្រៃឈើជាតិ និងប្រព័ន្ធព័ត៌មានសុវត្ថិភាពបរិស្ថាន និងសង្គម សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់ និងរេចរឹលព្រៃឈើ (REDD+) និងកំណត់គោលដៅកាត់បន្ថយអត្រានៃការបាត់បង់ព្រៃឈើមកត្រឹមពាក់កណ្តាលនៅត្រឹមឆ្នាំ២០៣០ ក្នុងវិស័យព្រៃឈើ និងការប្រើប្រាស់ដី (FOLU) ស្របតាមយុទ្ធសាស្ត្ររ៉េដបូកជាតិកម្ពុជា។

លោកបន្តថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧.៣លានហិកតា ឬស្មើប្រមាណ ៤១%នៃប្រទេសកម្ពុជា។ ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១.៦លានដុល្លារអាម៉េរិក។ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូ បាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

បើតាមលោក នេត ភក្ត្រា ថវិកាដែលបានពីការលក់ឥណទានកាបូននេះ ត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពប្រជាពលរដ្ឋ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

លោក នេត ភក្ត្រា ក៏បានគូសបញ្ជាក់ដែរថា ការលក់ឥណទានកាបូនចំនួន ២គម្រោងបានធ្វើឡើងទី១ នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវ៉ាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន និងដៃគូ បាននិងកំពុងរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថា កម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរស្របតាមលក្ខខណ្ឌកំណត់។

ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ទៀតថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារនិងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធន ធានធម្មជាតិនៅក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

លោក នេត ភក្ត្រា ក៏បានលើកឡើងដែរថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សធនធានធម្មជាតិដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្តហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ៕


0 comments:

Post a Comment