-->


Tuesday, June 30, 2020

កាណាដាអះអាងថា ស្ថានការណ៍ COVID-19 ក្នុងប្រទេសនេះ ធូរស្រាលខ្លាំងជាងអាមេរិក

អ្នកទស្សនា:( Views)


(អូតាវ៉ា)៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសកាណាដា បានអះអាងថា ស្ថានការណ៍ COVID-19 នៅក្នុងប្រទេសរបស់ខ្លួន គឺមានភាពល្អប្រសើរជាងនៅសហរដ្ឋអាមេរិកឆ្ងាយណាស់ បើទោះបីជាក្តីបារម្ភ​ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវអាជីវកម្មនានានៅតែបន្តមានក៏ដោយ។ ប៉ុន្តែប្រជាជនកាណាដាភាគច្រើន បានប្រកាន់ភ្ជាប់នូវវិធានការរក្សាគម្លាតសុវត្ថិភាព និងការពាក់ម៉ាសជាដើម។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។
លោកស្រី ថេរ៉េសា ថេម (Theresa Tam) ប្រធានផ្នែកសុខភាពសាធារណៈ​នៃប្រទេសកាណាដាបានថ្លែងឲ្យដឹង នៅក្នុងសន្និសីទខ្លីមួយយ៉ាងដូច្នេះថា «នៅពេលដែលការរីករាលដាលថមថយ អត្រានៃអ្នកស្លាប់ក៏បានធ្លាក់ចុះជាលំដាប់ ចំពោះមនុស្សគ្រប់វ័យ។ ដូច្នេះមានន័យថា រោគរាតត្បាតមួយនេះ​គឺស្ថិតក្រោមការគ្រប់គ្រងហើយ»
រហូតមកទល់ពេលនេះ កាណាដាបានកត់ត្រាចំនួនអ្នកឆ្លងសរុបក្រោម ១០៤,០០០ករណី ក្នុងនោះស្លាប់ជាង ៨,៥០០នាក់។ ចំណែកឯនៅសហរដ្ឋអាមេរិកវិញ ករណីឆ្លងបានកើនលើស ២.៦លានអ្នកហើយ បន្ទាប់ពីបានបូកបញ្ចូលករណីឆ្លងថ្មីៗចំនួន ៤១,០៧៥ករណីបន្ថែមទៀតនៅថ្ងៃនេះ ខណៈករណីស្លាប់វិញមានចំនួនសរុបច្រើនជាង ១២៨,០០០នាក់។
គួរជម្រាបថា ព្រំដែនរវាងប្រទេសទាំងពីរ ដែលបានបិទតាំងពីថ្ងៃទី២១ ខែមីនា កន្លងទៅនេះ គ្រោងនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី២១ ខែកក្កដាខាងមុខនេះ។ ប៉ុន្តែនាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ (Justin Trudeau) បានបង្ហើបប្រាប់ថា គម្រោងនេះអាចនឹងត្រូវប្រែប្រួលវិញ ប្រសិនបើស្ថានការណ៍ COVID-19 នៅមិនទាន់ស្គាល់ភាពធូរស្បើយទេនោះ។ នាយករដ្ឋមន្ត្រីរូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងបានឃើញនៅសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតជាការសបញ្ជាក់ថា ទោះបីជាសេដ្ឋកិច្ចរបស់យើង​កំពុងតែបើកដំណើរការឡើងវិញក៏ដោយ ក៏យើងត្រូវប្រាកដថា យើងកំពុងបន្តការប្រុងប្រយ័ត្នរៀងៗខ្លួន និងជាសមូហភាព»
Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment