ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវឲ្យពលរដ្ឋចូលរួមទប់ស្កាត់គ្រឿងញៀន និងការរីករាលដាលជំងឺកូវីដ-១៩


(បន្ទាយមានជ័យ)៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងក្រុមគ្រួសារ អមដំណើរដោយក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន នាំយកទៀនវស្សា ទេយ្យទាន ទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃមកពីវត្តចំនួន៥០ នៅវត្តប្រាសាទស្រះកណ្តាល (ខ្ចាស់) ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចជាថ្នាក់ដឹកនាំជាតិទាំងអស់ ប្រគេននិងជូនពរចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិនៅខេត្តបន្ទាយមានជ័យទាំងអស់។ ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានគិតគូរខ្លាំងណាស់ ដល់ជីវភាពប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ពិសេសក្នុងដំណាកកាលដែលកម្ពុជា ក៏ដូចជាប្រទេសស្ទើរទាំងអស់ លើលោកកំពុងជួបប្រទះបញ្ហាជំងឺកូវីដ-១៩ បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាក ជូនបងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសម្តែងនូវការគោរពដឹងគុណ និងគោរពសេចក្តីស្រឡាញដ៏ជ្រាលជ្រៅបំផុត ចំពោះជនរួមជាតិទាំងអស់ ដែលបានរួមគ្នាចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ថែរក្សាបាននូវសន្តិភាព អរគុណសន្តិភាព ខិតខំទាញយកផលពីសន្តិភាពកសាង បាននូវមូលដ្ឋានមានសន្តិភាព សន្តិសុខ ពិសេសបានចូលរួម និងសូមបន្តចូលរួមឲ្យបានសកម្ម ក្នុងការបង្ការបញ្ហាគ្រឿងញៀន និងការរីករាលដាលជំងឺកូវីដ-១៩ ធ្វើឲ្យសហគមន៍មានសុវត្ថិភាព មានសុខភាពល្អគ្រប់ៗគ្នា។ បច្ច័យទេយ្យទាន ទេយ្យវត្ថុ និងអំណោយកើតពីសុទ្ធាជ្រះថ្លា របស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី ម៉ៅ ម៉ាល័យ កែ វេរប្រគេន និងចែកជូន នាឱកាសនោះរួមមាន៖ វេរប្រគេនជូនវត្ត ចំនួន៥០ ដែលក្នុង១វត្ត ទទួលបាន ទៀនវស្សា ១គូ ស្លាដក៥ឈុត អង្ករ ១៥០គីឡូ មី២កេសតូច ស្កសរ១គីឡូ តែ១គីឡូ ទឹកសុទ្ធ៥កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ៥យួរ ភេសជ្ជៈ៣កេស បច្ច័យចំនួន១,១០០,០០០រៀល។ ក្នុងថ្ងៃដដែលនោះដែរ ក្រោយពីកម្មវិធីបុណ្យចប់ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានដឹកនាំក្រុមការងារ ពិនិត្យស្ថានភាពទឹក និងស្រូវ ដែលប៉ះពាល់ ដោយគ្រោះរាំងស្ងួត នៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី និងបន្តទៅសាកសួរសុខទុក្ខ ប្រជាពលរដ្ឋចំនួន៦គ្រួសារ ដែលទទួលរងគ្រោះ ដោយភ្លើងឆេះផ្ទះ ដោយផ្តល់អំណោយមួយចំនួន ដើម្បីសម្រាលនូវទុក្ខលំបាកប្រជាពលរដ្ឋទាំង៦គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម មី២កេសតូច ទឹកស៊ីអ៊ីវ៣យួរ ទឹកត្រី៣យួរ ត្រីខ២៤កំប៉ុង និងថវិកា៥០ម៉ឺនរៀល៕

0 Comments:

Post a Comment