(កំពង់ឆ្នាំង) ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មានរៀបចំប្រារព្ធពិធីខួបលើកទី២៩ ថ្ងៃបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២២ ) និងសម្ពោធដាក់ឱ្យប្រើប្រាស់អាគារទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ន និងឯកឧត្តម លោកជំទាវអ្នកតំណាងរាស្រ្ត អភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ព្រមទាំងសេនានុព័ន្ធយោធាប្រទេសជាមិត្តប្រចាំនៅកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងសុន្ទរកថា ពាក់ព័ន្ធនឹងលទ្ធផលការងារដែលកងរាជអាវុធលើផ្ទៃប្រទេស សម្រេចបានកន្លងមក និង ពិធីរម្លឹកខួប២៩ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសម្ភោធដាក់ឱ្យប្រើប្រាស់នូវទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដើម្បីអបអរសាទរដល់ថ្ងៃបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤កក្កដា ២០២២) ផងដែរ។
នាយឧត្តមសេនីយ៍បានបន្តថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថមានតួនាទី និងភារកិច្ចថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ជួយសង្គ្រោះប្រជាពលរដ្ឋ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ ការពារកិត្តិយស និងផលប្រយោជន៍យោធា និងផ្តល់កម្លាំងគាំទ្រ ក្រសួង ស្ថាប័ន ដើម្បីពង្រឹងការអនុវត្តន៍ច្បាប់។ មានវិសាលភាពលើផ្ទៃប្រទេសទាំងមូល ទៅលើយោធាក្នុងជួរកងទ័ព និងលើពលរដ្ឋស៊ីវិលថែមទៀតផង។
ឯកឧត្តមនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមទៀតថា គោលបំណងរួមមាន ការការពារនិងឆ្លើយតបភ្លាមៗចំពោះទម្រង់ណាមួយ នៃព័ត៌ មានបំផ្លើសអំពីកិច្ចការយោធា ក៏ដូចជាពង្រឹងសាមគ្គីភាព ជាមួយកងយោធពលខេមរភូមិន្ទ បន្តសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីពង្រឹងច្បាប់និងបទប្បញ្ញត្តិ ទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ រំលោភយកដីរដ្ឋ និងបទឧក្រិដ្ឋផ្សេងៗ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានប្រសាសន៍ថា កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែក ដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ពន្ធជំរំជម្រក ការអប់រំហ្វឹកហ្វឺនរៀនសូត្រ ការងារប្រតិបត្តិការតួនាទីភារកិច្ចលើផ្ទៃប្រទេស រយៈកន្លងទៅនេះ មានការលេចធ្លោបង្កើតបាននូវស្នាដៃ និងសមិទ្ធផលធំៗជាច្រើន។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ មានប្រសាស ន៍បន្តថា កងរាជអាវុធហត្ថបានត្រៀមកម្លាំង និងមធ្យោបាយ ក្នុងការបំពេញតួនាទីភារកិច្ច ជាពិសេសអនុវត្តន៍បទបញ្ជាគ្រប់កាលៈទេសៈ គ្រប់ពេលវេលា ដើម្បីរក្សាឱ្យបានសុខសន្តិភាព សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គមជូនប្រជាជននិងប្រទេសជាតិ ៕ដោយ បៃ ស៊ីថុន សម្រួលផ្សាយដោយ៖ dara
0 Comments:
Post a Comment