-->


Friday, April 7, 2023

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាកងទ័ពជើងគោក ត្រៀមអនុវត្តតួនាទីភារកិច្ច និងបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសសហការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សំខាន់ៗ

អ្នកទស្សនា:( Views)

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់បណ្តាស្ថាប័ន-កងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ បន្តយកចិត្តទុកដាក់ និងត្រៀមលក្ខណៈអនុវត្តគ្រប់ភារកិច្ចទាំងកិច្ចការងារស្នូល ភារកិច្ចជំនាញ និងបេសកកម្មនានាតាមបទបញ្ជារបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន។

ក្នុងនោះរួមមាន ការត្រៀមបម្រុងកម្លាំង មធ្យោបាយ និងសម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការសហការចូលរួមការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសខណៈដែលនៅក្នុងខែឧសភា និងមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងខែកក្កដា ដើម្បីធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខពេញលេញ។

ការណែនាំរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ធ្វើឡើងក្នុងពិធីប្រកាសមុខតំណែងជូននាយទាហានជាន់ខ្ពស់ និងប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះ សូមសម្តែងការអបអរសាទរជូនចំពោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត និងលោកឧត្តមសេនីយ៍ទោ អ៊ុយ ហៀង ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងមុខតំណែងជា មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពជើងគោក ព្រមទាំងលោកវរសេនីយ៍ឯក ង៉ែត សុវណ្ណ អរុណដេត សម្រាប់ការតែងតាំងមុខតំណែងជា នាយការិយាល័យទី៣ បញ្ជាការដ្ឋានកងទ័ពជើងគោក។ ការសម្រេចតែងតាំងមុខតំណែងនេះ គឺស័ក្តិសមទៅនឹងសមត្ថភាព និងគុណបំណាច់របស់នាយទាហានសាមី ក្នុងការខិតខំបំពេញភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ក្នុងរយៈកាលកន្លងមក ក៏ដូចជាដើម្បីឆ្លើយតបនឹងសំណូមពរភារកិច្ចចាំបាច់ចំពោះមុខរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលក្នុងរយៈកាលត្រីមាសដើមឆ្នាំ២០២៣នេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី-ភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរ ស្របតាមផែនការដែលបានដាក់ចេញ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានការណ៍ជាយថាហេតុផ្សេងៗ។

លោកបន្ដថា ស្នាដៃ និងសមិទ្ធផលការងារដែលសម្រេចបានមកនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញអំពីឆន្ទៈ មនសិការ និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនយើង ក្នុងការតស៊ូប្រឹងប្រែងបំពេញតួនាទី-ភារកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ នយោបាយការពារជាតិ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយមិនគិតពីការនឿយហត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ រួមផ្សំនឹងគំនិតច្នៃប្រឌិតទៅតាមសភាពការណ៍ជាក់ស្តែងចំពោះមុខ៕

Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment