-->


Wednesday, July 27, 2022

អាវុធហត្ថរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១!

អ្នកទស្សនា:( Views)

 


អាវុធហត្ថរាជធានីភ្នំពេញ : ចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១! ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានជំរុញឲ្យក្រុមការងារ ចុះធ្វើការផ្សព្វផ្សាយនូវលេខ
អន្តរាគមន៍បន្ទាន់ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានដឹងជាសាធារណៈ និងជ្រួតជ្រាបឲ្យបានច្រើនបំផុត។ ពេលមានហេតុការណ៍បន្ទាន់កើតឡើង មិនថាយប់ ឬថ្ងៃ ត្រូវការ ការអន្តរាគមន៍ពី កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគាត់អាចហៅទូរស័ព្ទទៅកាន់លេខ 1291 ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខ 031 5555 669 ឬឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាព កក់ក្តៅបំផុត។

 ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួលនិងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ មានដូចជា៖ ករណីហឹង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គីភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់។ បើសិនជាបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ បានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ 

សូមបងប្អូនហៅទូរស័ព្ទទៅកាន់លេខ១២៩១ ឬ អាចទាក់ទងតាមបណ្តាញ Telegram, WhatsApp របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានលេខ 031 5555 669 ឬអាចឆាតទៅកាន់ផេកហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានឈ្មោះថា Phnom Penh Gendarmerie។ អាវុធហត្ថរាជធានីភ្នំពេញ ក៏សូមអភ័យទោសផងដែរ ប្រសិនបើបងប្អូនពុំមានការចាំបាច់ជាក់ស្តែងអ្វីទេ សូមមេត្តាកុំហៅទូរស័ព្ទទៅរំខានក្រុមការងារ ដើម្បីទុកពេលវេលាឲ្យក្រុមការងារ បម្រើពលរដ្ឋផ្សេងទៀតដែលត្រូវការជំនួយបន្ទាន់ពិតប្រាកដ៕ សូមអរគុណ!




0 comments:

Post a Comment