-->


Tuesday, June 7, 2022

សម្ដេចក្រឡាហោម ស ខេង ថ្លែងអំណរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញា​ធរ​ពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ ដោះស្រាយរាល់​បាតុ​​ភាពអសកម្មនានា ក្នុងដំណើរ​ការ​បោះឆ្នោត

អ្នកទស្សនា:( Views)




ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈ​បញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានថ្លែងអំណរគុណ​ចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និង​ដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹតក្នុងវិជ្ជាជីវៈ នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ ការលើកឡើងនេះ តាមរយៈលិខិតសរសើរ និងថ្លែងអំណរគុណរបស់គណៈបញ្ជាការសន្ដិ​សុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ដែលចុះ​ហត្ថ​លេខាដោយសម្ដេចក្រឡាហោម ស ខេង។

សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់​កម្លាំង​កាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកប​ដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពីសំណាក់អាជ្ញាធរ និងកងកម្លាំងប្រដាប់​អាវុធ​ទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាពអសកម្មនានា ដោយ​ឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបានបង្កលក្ខខណ្ឌអំណោយផល និងបរិយាកាសសន្តិសុខល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ និងបណ្តាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈ​របស់ខ្លួន”។ សម្ដេចក្រឡាហោមបានលើកឡើងថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅ​ដោយ​ជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មានអំពើហិង្សា នៃការបោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឱ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំងពីការ​ប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណចំពោះ​ប្រ​ជាពលរដ្ឋ និងជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានចូលរួមថែរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងគោរពតាមបទបញ្ជា និងនីតិវិធីនានា រួមចំណែក​ធ្វើ​ឱ្យការរៀបចំព្រឹត្ដិការណ៍ជាតិដ៏មានសារៈសំខាន់នេះប្រព្រឹត្ដទៅរលូន សេរី ត្រឹមត្រូវ និង​យុត្ដិធម៌៕ដោយ ប៊ុនរិទ្ធ:សម្រួលដោយដារ៉ា

0 comments:

Post a Comment