-->


Friday, May 27, 2022

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៖ ការបោះឆ្នោតខាងមុខ នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ

អ្នកទស្សនា:( Views)


 (ភ្នំពេញ):ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូស បញ្ជាក់ប្រាប់សហភាពអឺរ៉ុបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ដើម្បីកសាង ប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ហើយសង្ឃឹមថាថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះទេ។


ក្នុងជំនួបពិភាក្សាការងារ ជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណា ចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នៅទីស្តីការក្រសួង ដោយកិច្ចជំនួបនេះ បានលើកយកប្រធានបទដ៏សំខាន់នារសៀលនេះ គឺភាគីសហភាពអឺរ៉ុប មានបំណងចង់ ឈ្វេងយល់បន្ថែមអំពីដំណើរការ និងស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងមកដល់នាពេល ឆាប់ៗខាងមុខនេះ និងក៏ចង់ដឹងអំពីការវាយតម្លៃរបស់សម្ដេចក្រឡាហោមអំពីស្ថានភាព ទូទៅនៃដំណើរការ ឈានទៅការបោះឆ្នោត និងស្ថានភាពទូទៅនៃយុទ្ធនាការក្នុ ងរយៈពេលកន្លងមក។


ក្នុងជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ជាការអនុវត្ត តាមអ្វីដែលបានកំណត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នា ពេលនេះ គឺជា លើកទី៥ហើយ។ សម្តេចបានគូសបញ្ជាក់ថា « ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងក សាងប្រជាធិបតេយ្យឱ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឱ្យ មូលដ្ឋាន កសាងភាពម្ចាស់ការជាមួយប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការ តែងតាំងអ្នកដឹកនាំមូលដ្ឋានទៅជាការបោះឆ្នោតដោយពលរដ្ឋ ដែលបានអនុវត្តន៍ជា បន្តបន្ទាប់កន្លងមក»។


សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតនៅមូលដ្ឋាន និងធ្វើគណនេយ្យភាពជាមួយរាជ រដ្ឋាភិបាល ផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាននេះ រាជរដ្ឋាភិបាល កម្ពុជាក៏បានកំពុងខិតខំអនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូល ដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយ ប្រសិទ្ធភាព។


សម្ដេចបានបង្ហាញក្ដីរីករាយ ដោយឃើញនូវវឌ្ឍនភាពពីការបោះឆ្នោតមួយ ទៅការ បោះឆ្នោតមួយឃើញថា ប្រជាពលរដ្ឋកាន់តែមានការគាំទ្រទៅលើការបោះឆ្នោតថ្នាក់មូល ដ្ឋាននេះ ខណៈពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយនោះដែរ ប្រជាពលរដ្ឋក៏មានការ យល់ដឹងកាន់តែច្រើន។


សម្ដេចបន្តថា គិតមកដល់ពេលនេះមិនមានព័ត៌មាននៃអំពើហិង្សាណាមួយកើត ឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះ ឆ្នោតនេះក៏ បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថា មានការវិវត្តល្អប្រសើរ។ សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើង នាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេច សង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យឃើញនូវការអនុវត្តស្រប តាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។


សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុង ដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែល ក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឱ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។


សម្ដេចក៏យកឱកាសនេះ អំពាវនាវដល់សហភាពអឺរ៉ុបបន្តគាំទ្រដល់កិច្ចការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្តន៍ក្នុងការ ពង្រឹងភាពជាម្ចាស់ការរបស់ថ្នាក់មូលដ្ឋាន ជាពិសេស គឺបន្តជួយគាំទ្រការចែករំលែក បទពិសោធន៍ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីមានសមត្ថភាពកាន់ តែសមស្របបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាការងារអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន៕ ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara




Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment