-->


Monday, July 5, 2021

គម្រោងលក់កាបូនតំបន់ជួរភ្នំក្រវាញ ផ្តល់ថវិកាជិត២០ម៉ឺន ដុល្លារដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដោះស្រាយបញ្ហាកូវីដ១៩

អ្នកទស្សនា:( Views)

 


ជំនួយជាទឹកប្រាក់សរុបជិត ២០ម៉ឺនដុល្លារអាមេរិក ត្រូវបានផ្តល់ជូនដោយក្រសួង បរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីទ្រទ្រង់ដល់ការទិញសម្ភារវេជ្ជសាស្ដ្រសំខាន់ៗ ដោយរួមបញ្ចូលទាំងការទិញថ្នាំ និងឧបករណ៍វេជ្ជសាស្រ្ត សម្រាប់ បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យជួរមុខនៅក្នុងខេត្តពោធិ៍សាត់។ ជំនួយនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការស្នើសុំថវិកាពីឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ កាលពីចុងខែមិថុនាកន្លងទៅនេះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានបន្តឆ្លងជារៀងរាល់ថ្ងៃ។ តាមការឱ្យដឹងពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ តាមរយៈសារអ៊ីម៉េល បានបញ្ជាក់ថា ជំនួយហិរញ្ញវត្ថុផ្តល់ជូនខេត្តពោធិ៍សាត់ គឺជា លទ្ធផលផ្ទាល់ពីឥណទានកាបូន ដែលទិញដោយក្រុមហ៊ុនអន្តរជាតិ ដែលជាការទូទាត់ការបំភាយឧស្ម័នកាបូនិករបស់ខ្លួន តាម រយៈការស្រូបយកកាបូនដោយព្រៃឈើតំបន់ជួរភ្នំក្រវាញ។ កញ្ញា សូ វណ្ណា នាយិការអង្គការសម័្ពន្ធមិត្តសត្វព្រៃ បានឱ្យដឹងថា គោលបំណងនៃការជូនអំណោយជាទឹកប្រាក់នេះ គឺដើម្បីឱ្យរដ្ឋបាលខេត្តចាត់ចែងទិញសម្ភារ គ្រឿងបរិក្ខារវេជ្ជសាស្ដ្រសម្រាប់ក្រុមការងារ និងក្រុមគ្រូពេទ្យជួរមុខប្រើប្រាស់ ក្នុងការអនុវត្តន៍វិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន នៃក្រសួង បរិស្ថាន មានប្រសាសនថា ជំនួយហិរញ្ញវត្ថុនេះបានមកដោយសារការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន ក្នុងការថែរក្សាព្រៃឈើឱ្យគង់វង្ស នៅតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ។ ឯកឧត្តម ម៉ៅ ធនិន បានប្ដេជ្ញាថា នឹងខំប្រឹងឱ្យអស់លទ្ធភាព ជាមួយដៃគូសហការនានារក្សាការពារព្រៃឈើនៅដែនអភិរក្សដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ សូមបញ្ជាក់ថា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ ត្រូវបានបង្កើតឡើងដោយក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមានគោលបំណង៣យ៉ាងគឺ ទី១ ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងមូលដ្ឋាន ទី២ ដើម្បីការពារព្រៃឈើ ពីព្រោះវាជាកន្លែងស្តុកកាបូនសម្រាប់ការ លក់ឥណទានកាបូន និងទី៣ ដើម្បីនាំប្រាក់ចំណូលជូនដល់រាជរដ្ឋាភិបាលកម្ពុជា។ ការលក់ឥណទានកាបូនពីគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញ បានចាប់ផ្តើមនៅខែមករាឆ្នាំ ២០១៩ ហើយអ្នកទិញបច្ចុប្បន្នគឺមកពីបណ្តាប្រទេសប៉ែកអឺរ៉ុបនិងអាមេរិក។ ក្នុងរយៈពេលពេញមួយអាយុកាលរបស់គម្រោងរេដបូក តំបន់ជួរភ្នំក្រវាញ គម្រោងនេះត្រូវបានគេព្យាករណ៍ថា នឹងអាចការពារការបំភាយកាបូនរហូត ដល់ ១១០លានតោន។ ដូច្នេះភូមិ នានានៅតំបន់ព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ កំពុងធ្វើការជាមួយក្រុមហ៊ុនអន្តរជាតិ ដើម្បីទប់ស្កាត់ ឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ពិភពលោក៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ០៧ ២០២១


Share This
Author Image

About www.ssktvonline.com

0 comments:

Post a Comment