Monday, October 5, 2020

ព្រះករុណា ព្រះមហាក្សត្រ ៖ សូមជនរួមជាតិគ្រប់រូប ប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាព ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩

អ្នកទស្សនា:( Views)



AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ —

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យមានព្រះរាជបន្ទូលថា សូមជនរួមជាតិគ្រប់រូបប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាព ក្នុងបរិបទនៃការរីករាលដាលវីរុសកូវីដ-១៩។ នេះបើយោងតាមព្រះរាជសាររបស់ព្រះករុណាព្រះមហាក្សត្រ ក្នុងឱកាសការបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី០៥ នីតិកាលទី០៦ ដែលទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានទទួលនាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។

ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារថា ៖ “ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលកំពុងអូសបន្លាយការរងគ្រោះនៃជំងឺរាតត្បាត កូវីដ-១៩ គួរឱ្យព្រួយបារម្ភ ដែលមិនមានសញ្ញាណថមថយនៅឡើយ ខ្ញុំសូមឱ្យជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើង ចៀសវាងឱ្យបានអំពីការឆ្លងរាលដាលក្នុងសហគមន៍”។

ព្រះរាជសារ ក៏បានបញ្ជាក់ពីសេចក្តីសោមនស្សរីករាយ របស់ ព្រះករុណាព្រះមហាក្សត្រ ក្នុងការចូលរួមអបអរសាទរ ពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធឡើងក្នុងសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ និងបន្ថែមថា សេចក្តីថ្លែងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភាដែលបានអនុម័ត គឺជាមាគ៌ាដ៏សំខាន់ចាំបាច់សម្រាប់ស្ថាប័ន នីតិប្រតិបត្តិ និងស្ថាប័នតុលាការ ប្រើប្រាស់ជាឧត្តមប្រយោជន៍ក្នុងសកម្មភាព នៃការអនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របទៅតាមសភាពជាក់ស្តែង និងសកលភាវូបនីយកម្ម និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តលើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឱ្យកត់សម្គាល់ ដោយបានបង្កើតឱ្យមានកម្មវិធីជំនួយសង្គមជាច្រើន សំដៅផ្តល់ជូនប្រជាពលរដ្ឋ នូវអត្ថប្រយោជន៍ប្រកបដោយភាពសមធម៌ និងប្រសិទ្ធភាព។

ព្រះករុណា ព្រះមហាក្សត្រ ក៏សព្វព្រះរាជហឫទ័យ កោតសរសើរ និងអរគុណដ៏ជ្រាលជ្រៅ ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភាទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់នានា ដែលច្បាប់ទាំងនេះបានគ្របដណ្តប់លើវិស័យសំខាន់ៗ ដែលដឹកនាំដោយរាជរដ្ឋាភិបាល ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាទៅក្នុងតំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ ក៏បានកោតសរសើរយ៉ាងក្រៃលែង ចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ ប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិ ឯករាជ្យ និងអធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើន ជូនដល់ប្រជាពលរដ្ឋបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និងសុខដុមរមនា។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី ទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះទសបារមី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ ក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និងជនរួមជាតិទាំងអស់ សូមបានប្រកបតែនឹងព្រះពុទ្ធពរ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ​៖​ ផែន រតនៈ(ផ្សាយដោយ៖ កន ចំណាន)

0 comments:

Post a Comment